សត្វចង្រិតបានក្លាយទៅ ជាអាហារមួយ ប្រភេទដែលប្រជាជន ខ្មែរយើងស្ទើរតែគ្រប់ៗរូប និយម ទទួលទាន ហើយភាគច្រើននៃអ្នក ទទួលទានបាន ដឹងត្រឹមថា សត្វចង្រិតត្រូវបានគេចាប់មកពីខេត្ត កំពង់ធំតែប៉ុណ្ណោះ ។ តាមពិតការចាប់ពីខេត្តកំពង់ ធំមិនអាចបំពេញសេចក្តីត្រូវការរបស់អ្នកទទួលទាន ឡើយ ពីព្រោះចង្រិតកំពង់ធំរកបានតែរយៈពេល ពីរទៅបីខែនៃដើមរដូវវស្សាប៉ុណ្ណោះ ក្រៅពីនេះ គេបាននាំចូលសត្វចង្រិតចិញ្ចឹមពីប្រទេសថៃ ។ ដោយសារមានការនិយមទទួលទានកាន់តែច្រើន ឡើងៗនោះ ពេលនេះការចញ្ចឹមចង្រិតបានរីករាល ដាលមកដល់ស្រុកខ្មែរយើងហើយ ដែលអ្នកចិញ្ចឹម ភាគច្រើនបានទទួលជោគជ័យ ។ សព្វថ្ងៃនេះការចិញ្ចឹមសត្វចង្រិតបានរីកផុលផុសនៅតាមបណ្តោយព្រំដែន ខ្មែរ-ថៃ និង តាមបណ្តាខេត្តក្រុងមួយចំនួន ពិសេសក្រុងប៉ោយប៉ែតតែម្តង ដែលការ ចិញ្ចឹមនោះហាក់បីដូចជាមានការរីកផុលផុសគ្រាន់បើ ។ ប្អូនប្រុស យ៉ាន់ សុភារ៉ា អាយុ ២៤ ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហាញពីភាពជោគជ័យលើការចិញ្ចឹមសត្វ ចង្រិតថា ក្រោយពីប្រឡងជាប់បាក់ឌុបនាឆ្នាំ ២០០៨ រួចមក ហើយគ្មានថវិកាបន្ត ការសិក្សានៅមហាវិទ្យាល័យទេ ដូចនេះប្អូនក៏សម្លឹងទៅរកមុខរបរផ្សេងៗ ដើម្បី ចិញ្ចឹមជីវិត និង គ្រួសារ ។ នៅដើមឆ្នាំ ២០០៩ ប្អូនបានចាប់ផ្តើមសាកល្បងចិញ្ចឹមសត្វក្រួច ដោយ សារពិបាកថែទាំហើយវាមានជំងឺច្រើននោះ ធ្វើឱ្យមុខរបរនេះបរាជ័យ ។ បន្ទាប់មកប្អូនក៏ងាកមក រកមុខរបរចិញ្ចឹមសត្វចង្រិតវិញម្តង ។ ដំបូងប្អូន បានសាកល្បងចិញ្ចឹមវាតិចតួចប៉ុណ្ណោះ ព្រោះមុខរបរនេះងាយស្រួលថែរក្សា និង មិនសូវមានជំងឺ ។ ដំបូងប្អូនបានទិញពងចង្រិតចំនួន ៣០ ចាន ពីប្រទេសថៃ គឺជាពូជចង្រិតក្រហម ជាពូជចង្រិតពី ប្រទេសម៉ាឡេស៊ី ដែលពូជចង្រិតមួយចានតម្លៃ ១៣០ បាទ ដោយដាក់ក្នុងកន្លែងចិញ្ចឹមតែមួយ ដោយសារការចិញ្ចឹមសត្វចង្រិតនោះបានកាក់កបទើបនៅឆ្នាំ ២០១០ ប្អូនបានពង្រីកការចិញ្ចឹម ចង្រិតឱ្យធំជាងមុនបន្តិច សព្វថ្ងៃនេះបានពង្រីក រហូតដល់ការចិញ្ចឹមរបស់ប្អូនបានរីកធំជាងមុន គឺពង្រីកបានរហូតដល់ ៨ រណ្តៅ ហើយការ ចំណេញពីការចិញ្ចឹមក៏បានច្រើនជាងមុនដែរ គឺ រយៈពីរខែចុងឆ្នាំ ២០១០ កន្លងទៅនេះ ប្អូនលក់ ចង្រិត និង ពងវាបានរហូតដល់ ១០ លានរៀល ។ ពងចង្រិតដែលប្អូនបង្កាត់ពូជបាននោះ ប្អូនលក់ ឱ្យអ្នកទិញយកទៅចិញ្ចឹមបន្តក្នុងមួយចានតម្លៃ ១៣០ បាទ ហើយចង្រិតដែលចាស់ឈប់ពង ប្អូន លក់តម្លៃ ៨០ បាទ ក្នុងមួយគីឡូក្រាម ។ ប្អូន យ៉ាន់ សុភារ៉ា និយាយបែបលេងសើច តែវាជារឿងពិត សម្រាប់អនាគតប្អូនថា“ខ្ញុំសង្ឃឹមថា តាមរយៈមុខ របរចិញ្ចឹមចង្រិតនេះអាចឱ្យខ្ញុំរកប្រាក់បានគ្រប់ គ្រាន់ដើម្បីការប្រពន្ធមិនខានឡើយ ”។ វិធីចិញ្ចឹមចង្រិត ប្អូន យ៉ាន់ សុភារ៉ា ក៏បានឱ្យដឹងដែរថា បើ ចង់ចិញ្ចឹមគួរជ្រើសរើសពូជចង្រិតក្រហម ជាចង្រិត ពូជមកពីប្រទេសម៉ាឡេស៊ីទើបវាមិនសូវមានជំងឺ វាមានរសជាតិឆ្ងាញ់ជាងចង្រិតដទៃទៀត ហើយ លក់ក៏បានថ្លៃជាងគេផង ។ ម៉្យាងទៀតដើម្បី ងាយស្រួលក្នុង ការជ្រើសរើសចង្រិតបង្កាត់ពូជ យើងត្រូវចំណាំថា ចង្រិតឈ្មោលមានស្លាបក្រញាញ់ ឯចង្រិតញីមានស្លាបត្រង់ ៕ កសិករ នៅក្រុងប៉ោយប៉ែត អ្នកខ្លះទៅគាត់សើច បើបានឮអ្នកណាម្នាក់និយាយថា ចង់ចិញ្ចឹមចង្រិតលក់ និងធ្វើជាមុខរបរ ។ ទោះបីអ្នកនោះគាត់សើចដោយហួសចិត្ដ ដោយចំអក ដោយនឹកស្មានមិនដល់ ក៏ដោយ តែមុខរបរនេះ វាកំពុងកាក់កប និងវាពិតជាអាចឱ្យគេរកចំណូលបានច្រើនគួរសមដែរ បើសិនជាគេអាចធ្វើវាបានដោយត្រឹមត្រូវ ។ ជាធម្មតាចង្រិត វាជាសត្វល្អិតម្យ៉ាងដែលរស់នៅតាមព្រៃ តាមភូមិស្រុក ក្នុងដីចំការជាដើម ។ ដូចតួយ៉ាងនៅខេត្ដកំពង់ធំ ឱ្យតែដល់ដើមរដូវវស្សម្ដងៗ ហ្វូងចង្រិតរាប់លានក្បាល ហើរចេញមកព្រោងព្រាត បង្កើតបានជាមុខរបរមួយដល់អ្នកដែល មានលទ្ធធ្វើកន្លែងដើម្បីចាប់វាយកទៅលក់ នៅម្ដុំគល់ស្ពានកំពង់ធំនិងនៅតាមទីកន្លែងនានា ។ តែរដូវវស្សាឆ្នាំកន្លងទៅនេះ គេមិនសូវឃើញមានចង្រិតចុះច្រើន ដូចឆ្នាំមុនៗឡើយ ព្រោះវាពាយអស់ទៅ ដោយសារយើងបានចាប់វាដោយប្រើនុយភ្លើងងអំពូល បណ្ដាលឱ្យវាថយចំនួនបន្ដពូជ ។ សព្វថ្ងៃនេះតម្រូវការចង្រិតមានច្រើនគួរសមដែរ ព្រោះចង្រិតមានតែខែវស្សា ដែលសម្បូរណ៍ ឯខែប្រាំងវិញវាមិនមានទេ ជាហេតុធ្វើឱ្យអ្នកប្រកបរបរចិញ្ចឹមចង្រិតរកកម្រៃបានច្រើនគួរសម ជាពិសេសអ្នកប្រករបរនេះនៅបន្ទាយមានជ័យ និអ្នកនៅជិតព្រំដែនកម្ពុជាថៃ ។ តាមការពិត, មានតែចង្រិតចំនួនពីរប្រភេទប៉ុណ្ណោះ ដែលគេនិយមចូលចិត្ដ ទិញមកបរិភោគ និងយកមកលក់នៅក្នុងទីផ្សារ ទាំងក្នុងប្រទេសនិងនាំចេញទៅប្រទេសថៃ គឺ ៖ ១) ចង្រិតដូង ២) ចង្រិតក្រហម ក្នុងចំណោមចង្រិតទាំងពីរប្រភេទខាងលើនេះ មានតែប្រភេទចង្រិតដូង មួយប៉ុណ្ណោះ ដែលគេនិយមបរិភោគនិងឱ្យតម្លៃច្រើនជាងចង្រិតដទៃ ។ ចំណែកចង្រិតក្រហមវិញ វាមានរូបរាងតូចជាង តែអ្នកបរិភោគខ្លះយល់ថាវាមាន រសជាតិឆ្ងាញ់ និងងាយស្រួលបរិភោគជាង ។ ដើម្បីធ្វើមុខរបរនេះ អ្នកចិញ្ចឹមត្រូវមានដើមទុនច្រើនគួរសម ព្រោះត្រូវធ្វើរណ្ដៅធំៗពីស៊ីម៉ង់ដ៍ មួយវិញទៀតនោះ គេត្រូវធ្វើរោងគ្របពីលើរណ្ដៅនោះ ដើម្បីការពារកំដៅនិងត្រូវមានប្រាក់សម្រាប់ទិញ គ្រឿងសម្ភារៈមួយចំនួនផងដែរ ។ ខាងក្រោមនេះគឺជាការតម្រូវនិងវិធីនៃការចិញ្ចឹមចង្រិត តាមគ្រួសារ ៖ + រណ្ដៅចិញ្ចឹមចង្រិត រណ្ដៅត្រូវធ្វើទទឹង ៣ ម បណ្ដោយ ៥ម ជម្រៅ ៧០ ទៅ ១០០ សង្ទីម៉ែត្រ យើងអាចធ្វើចំនួនរណ្ដៅតិចឬច្រើនអាស្រ័យទៅលើបំណងនិងធនធានដែលមានដើម្បីធ្វើជារបរបានយើងត្រូវធ្វើយ៉ាងហោចណាស់ចំនួន ១ រណ្ដៅដែរ ទើបសមល្មម (ទោះចំនួនរណ្ដៅតិចក៏មិនអីដែរ តែ វាខាតពេលនិងអាចរកកម្រៃបានតិចជាង) ត្រូវរៀបឥដ្ឋរួចបូកស៊ីម៉ងដ៍ បើមិនបានបូកស៊ីម៉ងដ៍ក៏មិនអីដែរ តែត្រូវភ្ជិតឬបៀកឱ្យស្មើ កុំឱ្យមានសល់ប្រហោងសូម្បីតូចមួយក៏ដោយ ក៏មិនត្រូវឱ្យមានដែរ ។ រោងសម្រាប់គ្របពីលើរណ្ដៅ ត្រូវមានកំពស់ពីដីចំនួន៣ម៉ែត្រ ទៅ ៤ម៉ែត្រ ដើម្បីឱ្យមានខ្យល់ចេញចូលល្អមួយទៀតនោះគឺដើម្បីកាត់បន្ថយកំដៅ កុំឱ្យក្ដៅខ្លាំងពេក នៅកងរដូវប្រាំង ។ - ត្រូវទៅទិញពូជចង្រិតនៅ ភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ចំនួនមួយរយ ទៅបីរយចាន ។ - ពងមួយចានតម្លៃ ១៣០០០រៀល ទៅ ១៥០០០រៀល (ជួនកាលអាចថោកជាងនេះ បើទិញច្រើន) - ត្រូវទិញប្រអប់ក្រដាសដាក់ពងមាន់ខ្នាតធំ ឱ្យបានច្រើនសម្រាប់ធ្វើជាកន្លែងឱ្យវារស់នៅ ជាពិសេសគឺសម្រាប់កូនចង្រិត - ដាក់អេប៉ុងថ្មីមួយផ្សើមដោយទឹក ឬចានសំប៉ែត (ថាស់ក៏បាន) ដាក់ទឹកបន្ដិច រួច ចាក់ទឹកផ្សើមក្រដាស់នោះឱ្យជោកសម្រាប់ឱ្យវាបឺតយកសំណើម ដែលវាត្រូវការ ។ តែបើយើងគ្មានលទ្ធភាពអាចប្រើត្រឹមស្លឹកកណ្ដបស្លឹកត្នោតក៏បានដែរ ដោយដាក់ស្លឹកនោះតម្រៀបវាបញ្ឈរជាប់ៗគ្នាឱ្យចុងស្លឹកធ្លាក់ដល់ក្រោម (កុំប្រើស្បូវកណ្ដប) យើងអាចប្រើប្រអប់ឬកេះក្រដាស់ កាត់ជាបន្ទះផ្ទាំងធំល្មមដាក់តម្រៀបគ្នា ក៏អាចប្រើការបានដែរ ក្រៅពីនេះយើងក៏អាចប្រើមែកឈើក៏បាន។ រយេៈពេលនៃការចិញ្ចឹម និងការទទួលផល ៖ បន្ទាប់ពីបានពងចង្រិតហើយ យើងត្រូវ ដាក់ពងចង្រិតនោះនៅក្នុងថង់ប្លាស្ទិកធំ ឬប្រអប់ក្រដាស់ធំមួយដែលបិទជិតរក្សាវាទុកក្នុងរណ្ដៅនោះចំនួន ៣០ថ្ងៃ នោះពងចង្រិតវានឹងញាស់ ។ កាលបើចង្រិតវាញាស់ហើយយើងត្រូវទិញចំណីកូនមាន់យកមកកិនឱ្យម៉ដ្ឋ ដាក់ទឹកក្នុងដបស្ព្រេយ បាញ់ផ្សើមចំណីនោះគ្រាន់តែឱ្យសើមៗ រួចដាក់លាតនៅលើចានសំប៉ែតមួយចំនួន ពង្រាយឱ្យបានច្រើនកន្លែង ដើម្បីឱ្យកូនចង្រិតវាស៊ី ។ ឱ្យវាស៊ីតែចំណីនេះ ទាំងទើបញាស់រហូតដល់វាធំចាប់លក់ឬទុកពូជក្ដី ។ បើយើងទុកវាឱ្យដល់រយៈពេលពីរខែ ចង្រិតនឹងមានពង យើងប្រមូលយកពងនោះមកភ្ញាស់ខ្លះ អាចលក់ឱ្យគេបានខ្លះដើម្បីយកកម្រៃ ។ ទុកចង្រិតមួយចំនួនឱ្យវាពងជាលើកទីពីរ សឹមលក់វាចេញ យើងទុកតែពងវាសម្រាប់ភ្ញាស់បានហើយ ។ បន្ទាប់ពីវាពងលើកទីពីរហើយត្រូវចាប់លក់ចេញទាំងអស់ ភ្ញាស់សារជាថ្មីទៀត ។ ចង្រិតពងតែពីរដងទេក្នុងមួយជីវិតរបស់វា ។ ចង្រិតញីមានស្លាបលាត ឯចង្រិតឈ្មោលមានស្លាបក្រញ៉ាញ់ ។ យើងអាចពង្រីកមុខរបរនេះ ទៅតាមលទ្ធភាពដែលមានបាន ជៅបណ្ដើរៗយើងអាចបង្កើនចំនួនពងត្រូវភ្ញាស់ រហូតយើង អាចរកចំណូលបានគ្រប់គ្រាន់ ។ + អត្ថប្រយោជន៍នៃការចិញ្ចឹមចង្រិត ៖ - ងាយស្រួលចិញ្ចឹម - ស៊ីចំណីតិចបំផុត - អាចពង្រីកមុខរបរបាន - មិនសូវមានការប្រជែងក្នុងទីផ្សារ - អាចលក់បានក្នុងមួយគីឡូ ៦០០០ ទៅ ៨០០០ រៀលក្នុងមួយគីឡូ - មិនត្រូវការថែទាំច្រើន - ត្រូវការទីកន្លែងមិនធំពេក - អាចធ្វើបានគ្រប់គ្នា - ការខាតបង់មានតិចតួចណាស់ បើសិនជាមាន - អាចរកចំណូលបានច្រើន - ប្រើពេលវេលាតិច ឆាប់បានទទួលផល - យើងអាចយកវាធ្វើជាចំណីមាន់ទា ត្រី បើលក់មិនបាន |
Thursday, August 4, 2011
បទពិសោធន៏ចិញ្ចឹមចង្រិតរបស់កសិករខ្មែរ
Subscribe to:
Post Comments (Atom)
យើងខ្ញុំបានរៀបរាងប្លុកនេះឡើងប្រយោជន៏ដើម្បី អោយបងប្អូនយើងដែលមានបំនងស្វែងយល់ពីកសិកម្ម
ReplyDeleteបើបងប្អូនមានមតិយោបល យើងខ្ញុំសូមស្វាគមន៏ដោយរីករាយ
រតនា